សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានរៀបចំពិធីប្រកាសតែងតាំងគណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦

 (ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីប្រកាសតែងតាំងគណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៦ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកណ្តាល អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក មន្ទីរអង្កភាពពាក់ពន្ធជុំវិញខេត្ត លោក លោកស្រីមន្រ្តីរាជការជាច្រើនរូប។

សូមជម្រាបថាៈ នៅក្នុងអង្កពិធីលោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវការផ្ដាំផ្ញើរសេចក្តីនឹករលឹកនិងសួរសុខទុក្ខពីសំសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្មារតី ទទួលខុសត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កន្លងមកសម្រេចបានជោគជ័យយ៉ាងច្រើនផងដែរ។ លោកជំទាវ ក៏បានអគុណចំពោះគណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និង សប្បុរសជន មន្ទីរ អង្គភាព ដៃគូសហប្រតិបត្តិការគ្រប់ឋានានុក្រម ដែលតែងតែចូលរួមសហការ ជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលឱ្យដំណើរការបានយ៉ាងសកម្ម។ លោកជំទាវ បានអំពាវនាវ ដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល ដៃគូសហប្រតិបត្តិការ បន្តរក្សាពង្រឹងសាមគ្គីភាព លើកកម្ពស់វប្បធម៌ចែករំលែក បំផុសចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌ ដែលយើងទាំងអស់គ្នាតែងតែដង្ហែតាមព្រះរាជវីរៈគំរូមនុស្សធម៌របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ឃុន សាម៉េង នាយកដ្ឋានធនធានមនុស្ស ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក៏បានអានសេចក្តីសម្រេច ស្តីពីការតែងតាំងគណៈកិត្តិយសសាខា ខេត្តកណ្តាល ចំនួន ៥៦ អង្គ/នាក់ ស្រី ១១នាក់ រួមមាន ព្រះសង្ឃ ៦ អង្គ សមាជិករដ្ឋសភា ១រូប សមាជិកក្រុមប្រឹក្សាខេត្ត ២រូប ថ្នាក់ដឹកនាំក្រសួង ១រូប អភិបាលរងខេត្ត ៧ រូប ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ២៧ រូប ភរិយាថ្នាក់ដឹកនាំ ៥ រូប និង អាជីវករ ៧ រូប។ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ត្រូវបានតែងតាំងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់អាណត្តិទី៦។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា សម្រាប់លទ្ធផលការងាររយៈពេល ៩ ខែឆ្នាំ ២០២៥នេះ សាខាបានចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បាន ១៥៨ គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះដោយអគ្គីភ័យ ខ្យល់កន្ត្រាក់ លង់ទឹក រន្ទះបាញ់ ខ្សែភ្លើងឆក់ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗ។ សាខាបានផ្តល់អំណោយជាស្បៀងមានអង្កជាដើមដល់សមាគមស្នាមញញឹមថ្មីនៃកុមារ ក្នុងស្រុកកណ្តាលស្ទឹងដែលមានកុមារកំព្រាចំនួន ១៥៦ នាក់។ បានប្រគេនអង្ករដល់ព្រះសង្ឃ ២ វត្ត ដែលមានព្រះសង្ឃសរុបចំនួន ៣៤១ អង្គ។ បានផ្តល់អំណោយជូនគ្រួសារងាយរងគ្រោះបំផុតសរុបចំនួន ១៣២៣ គ្រួសារក្នុងនោះ ចាស់ជរាឥតទីពឹង គ្រួសារក្រីក្រ ជនពិការ និងពលករខ្មែរមកពីប្រទេសថៃចំនួន ២៣៩គ្រួសារ។

បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខាកាកបាទក្រហម កម្ពុជាខេត្តកណ្តាល អាណត្តិទី៦ បានធ្វើការប្ដេជ្ញាចិត្តរក្សាខ្ជាប់នូវគោលករណ៏គ្រឹះទាំង ៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ យកចិត្តទុកដាក់ចូលរួមនិងជួយគាំទ្ររាល់បេសកកម្មការងារមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលអាណត្តទី៦ដើម្បីឱ្យសម្រេចជោគជ័យក្នុងការ អនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ យកចិត្តទុកដាក់ជួយទំនុកបម្រុង និងគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្នុងការអភិវឌ្ឍធនធាន ទាំងថវិកា ទាំងសម្ភារៈបរិក្ខា តាមរយៈសកម្មភាព កៀរគររកមូលនីធិក្នុងមជ្ឈដ្ឋានសប្បុរសជនទាំងក្នុងប្រទេសទាំងក្រៅខេត្តសម្រាប់ត្រៀម បម្រុងទុកប្រើប្រាស់ក្នុងបេសកកម្មការងារមនុស្សធម៌ ពិសេសក្នុងការងារឆ្លើយតបជួយ សម្រាលការលំបាករបស់គ្រួសារងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះធម្ម ជាតិ និងគ្រោះមហន្តរាយផ្សេៗ។










Previous Post Next Post