(ខេត្តកំពត)៖ នៅថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំុបិណ្ឌ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់យើងមានប្រតិបត្តិតាំងពីយូរលុងណាស់មកហើយ។ ដូច្នេះក្នុងនាមយើងជាថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ត្រូវខិតខំថែរក្សានិងប្រតិបត្តិឱ្យបានល្អប្រកបដោយគុណធម៌ កតញ្ញូតាធម៌ ស្របតាមកន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ហើយក៏ត្រូវអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាមន្ត្រីល្អ ដើម្បីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ដើម្បីឧត្តមប្រយោជន៍ជាតិនៃយើង។
ពាក់ព័ន្ធនឹងការងារភារកិច្ចស្នូលនៃមន្ត្រីរាជការឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកបន្ថែមថា "ការបម្រើរាស្ត្រ គឺជាកាតព្វកិច្ចដ៏សំខាន់ ដែលមន្ត្រីរាជការដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងទទួលខុសត្រូវចំពោះការងារ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ត្រូវធ្វើខ្លួនជាគំរូល្អសម្រាប់អ្នកក្រោមឱវាទ និងយកគោលការណ៍ដឹកនាំល្អ ដែលរួមមាននូវ ព្រហ្មវិហារធម៌ទាំងបួន គុណធម៌ សីលធម៌ សេចក្តីសណ្តោះប្រណី ការស្រលាញ់យកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទើបក្លាយជាមេដ៏ល្អ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវមានការចូលរួមជួយចែករំលែកការងារ និងចាត់ទុកបុគ្គលិកកូនចៅជាគ្រួសារតែមួយ ដើម្បីបង្កើតកម្លាំងរួមសម្រាប់ការងារ។ អភិបាលខេត្តក៏បានអំពាវនាវឱ្យមានស្មារតីជាតិនិយម ដើម្បីចូលរួមការពារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសុភមង្គលប្រកបដោយសក្ដានុពលសំបូរបែប។
ក្នុងពិធីសំណេះសំណាល នេះក៏មានការចែកជូនអំណោយដល់មន្ត្រីរាជការ និងអ្នកចូលរួមដូចជា៖ អង្ករខ្សាយ ដំណើប ទឹកក្រូច សណ្តែក គ្រឿងឧបរិភោគជាច្រើនមុខទៀតព្រមទាំងថវិកាមួយចំនួន ដែលជាផ្នែកមួយនៃការចែករំលែកសេចក្តីមេត្តាករុណា និងការចងក្រងសាមគ្គីភាពជាក្រុមគ្រួសារដែលមានសេចក្តីស្រលាញ់
យោងតាមរបាយការណ៍របស់លោក លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពតបានឱ្យដឹងថា ការជួបសំណេះសំណាលនាពេលនេះគឺជាលើកទី៩ ហើយ ក្នុងរយៈពេល ៤ឆ្នាំដែលឯកឧត្តមអភិបាលខេត្តចូលមកកានលមុខតំណែង។ លោកនាយករដ្ឋបានបន្តថា ការជួបសំណេះសំណាលជាមួយមន្ត្រីសាលាខេត្តគឺធ្វើឡើងក្នុឱកាសនៃពិធីបុណ្យប្រពៃណីធំៗចំនួន២ គឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យជារៀងរាល់ឆ្នាំ។







