លោក ត្រាំ ចង់ប្តឹងប្រធានធនាគារកណ្តាលអាម៉េរិក ព្រោះចំណាយលើការជុសជុលទីស្នាក់ការ

 ប្រធានាធិបតីសហអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធានធនាគារកណ្តាលអាម៉េរិក (Fed) លោក Jerome Powell។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt នាថ្ងៃទី១២ ខែសីហា ដែលមូលហេតុនោះ គឺដោយសារលោក ត្រាំ មិនពេញចិត្តនឹងការគ្រប់គ្រងគម្រោងជួសជុលទីស្នាក់ការកណ្តាលរបស់ Fed នៅទីក្រុងវ៉ាស៊ីនតោន អស់ថវិកាច្រើន។

លោក ត្រាំ បានលើកឡើងបញ្ហានេះនៅលើបណ្តាញសង្គម Truth Social ដោយសរសេរថា៖ « ខ្ញុំកំពុងពិចារណាអនុញ្ញាតឱ្យមានការប្តឹងជំនុំជម្រះដ៏ធំមួយប្រឆាំងនឹងលោក Powell។ គាត់ធ្វើការគ្រប់គ្រងមិនល្អលើការជួសជុលអគាររបស់ Fed។ ចំណាយ ៣ ពាន់លានដុល្លារសម្រាប់ការងារដែលគួរតែចំណាយត្រឹម ៥០ លានដុល្លារប៉ុណ្ណោះ។ នេះមិនមែនជារឿងល្អទេ»។

បើតាមអ្នកនាំពាក្យសេតវិមាន បច្ចុប្បន្នមានការស៊ើបអង្កេតលើដំណើរការជួសជុលអគារប្រវត្តិសាស្ត្រពីររបស់ Fed។ ពួកគេជឿថា ការគ្រប់គ្រងមិនត្រឹមត្រូវ និងលទ្ធភាពនៃការក្លែងបន្លំបានធ្វើឱ្យការចំណាយលើគម្រោងជួសជុលទីស្នាក់ការកណ្តាលរបស់ Fed នេះកើនឡើងខ្ពស់ហួសហេតុ។ គម្រោងនេះ ក៏ត្រូវបានគេចាត់ទុកថាជាការបញ្ចេញភាពខ្ជះខ្ជាយ និងមិនសមស្រប ផងដែរ។

ប៉ុន្មានសប្តាហ៍មុន លោក ត្រាំ បានទៅទស្សនកិច្ចគម្រោងនេះ និងបានជជែកវែកញែកជាមួយលោក Powell នៅមុខកាមេរ៉ា ដោយលើកឡើងពីបញ្ហាចំណាយលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់ Fed។

ឯកសាររបស់ Fed បង្ហាញថា ចំណាយដំបូងលើគម្រោងនេះ ត្រូវបានរំពឹងទុកថាមានតម្លៃ ១,៩ ពាន់លានដុល្លារ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងដល់ ២,៤ ពាន់លានដុល្លារ។ Fed បានពន្យល់ថា ការចំណាយលើសផែនការនេះ គឺបណ្តាលមកពីតម្លៃកម្លាំងពលកម្ម និងសម្ភារកើនឡើង ព្រមទាំងបញ្ហាប្រឈមមិននឹកស្មានដល់ជាច្រើន។

សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក ត្រាំ បង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយនឹងលោក Powell។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក ត្រាំ បានបន្តដាក់សម្ពាធឱ្យ Fed កាត់បន្ថយអត្រាការប្រាក់។ នៅថ្ងៃទី១២ ខែសីហា លោក ត្រាំ បានហៅលោក Powell ថាជា «អ្នកយឺតយ៉ាវ» និងបានអះអាងថា «ការខូចខាតដែលបណ្តាលមកពីការយឺតយ៉ាវក្នុងការកាត់បន្ថយអត្រាការប្រាក់ គឺមិនអាចវាស់វែងបាន»។

ក្នុងកិច្ចប្រជុំចុងខែកក្កដា ឆ្នាំ២០២៥ Fed បានសម្រេចរក្សាអត្រាការប្រាក់ឯកសារនៅកម្រិត ៤,២៥-៤,៥ភាគរយ។ ស្ថាប័ននេះនៅមិនទាន់ចាត់វិធានការណាមួយទេ ដោយសារតែមិនប្រាកដប្រជាអំពីទស្សនវិស័យសេដ្ឋកិច្ច។ Fed បានវាយតម្លៃ ពីហានិភ័យទាក់ទងនឹងគោលដៅទាំងពីរ នោះគឺ អតិផរណា និងការងារ ហើយចង់រង់ចាំរហូតដល់និន្នាការនៃកត្តាទាំងពីរនេះកាន់តែច្បាស់លាស់៕



Previous Post Next Post