កិច្ចប្រជុំពិនិត្យនិងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ

 (ខេត្តកណ្តាល)៖ នៅថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាព ការឆ្លើយតប នៃលិខិតរបស់ក្រសួងមហាផ្ទៃក្រៅប្រពន្ធតុលាការ។ដោយមានការអញ្ចើញចូលរួម អាជ្ញាធរក្រុង ស្រុក ទាំង១៣ កងកម្លាំងសមត្ថកិច្ច  និងមន្រ្តីពាក់ពន្ធជាច្រើនរូប។

សូមជម្រាបថាៈ នៅក្នុងអង្កប្រជុំ ឯកឧត្តម នុត ពុធដារ៉ា បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ ចំពោះការវិវាទក្រៅប្រព័ន្ធតុលាការនោះ  ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម នុត ពុធដារ៉ា ក៏បានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ក្នុងការពន្លឿនលើការងារដោះស្រាយបញ្ហានានាសម្រាបជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពទាន់ពេលវេលា ពិសេសយន្តការដោះស្រាយនៃការវិវាទក្រៅប្រព័ន្ធតុលាការនេះ ដោយស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ នៅគ្រប់កាល:ទេស:នេះតែម្តង។(សម្រួលដោយខ្មែរ រំភើយ)

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្តបានក្រោមរំលឹកទៅដល់អាជ្ញាធរក្រុង-ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតាមដាននៅរាល់មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋដែលបានបញ្ចេញនៅតាមផេកក្រសួងមហាផ្ទៃ ក៏ដូចជាផេករបស់រដ្ឋបាលក្រុង-ស្រុកផ្ទាល់ ករណីឆ្លើយតបបានភ្លាមៗយើងត្រូវឆ្លើយតប និងពន្យល់ទៅដល់ពួកគាត់ឱ្យបានទាន់ពេលវេលា ករណីដែលមិនអាចឆ្លើយតបបានភ្លាមៗក៏យើងត្រូវតែធ្វើការទាក់ទងទៅកាន់ពួកគាត់ ដើម្បីរង់ចាំដំណោះស្រាយជាបន្តបន្ទាប់ទៀត ចៀសវាងដាច់ខាតមិនត្រូវទុកចោលនៅរាល់បញ្ហាក៏ដូចជាសំណូមពរដែលបានលើកឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋឡើយ។

សូមជម្រាបថា ករណីបណ្ដឹងរបស់មហាជនដែលមានមតិយោបល់ ឬសំណូមពរក្នុងគេហទំព័រហ្វេសបុករបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ដែលក្រសួងមហាផ្ទៃធ្លាប់បានបញ្ជូនមករដ្ឋបាលខេត្ដ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ សរុបមានចំនួន ៩៨ ករណីក្នុងនោះ បានឆ្លើយតបរួចចំនួន ៩៥ លិខិត/ករណី។




Previous Post Next Post