(ខេត្តកណ្តាល)៖ សាលាដំបូងខេត្ត បានចេញដីកាបញ្ជាឱ្យឃុំខ្លួនបុរសបើករថយន្តសាលាឯកជនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់អំពើចាប់រំលោភសេពសន្ថវៈ និងបៀតបៀនកេរខ្មាសលើកុមារីជាសិស្សសាលាជាច្រើននាក់។
ជនសង្ស័យឈ្មោះ ស៊ឹម សុគា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនាជាតិខ្មែរ មានមុខរបរជាអ្នកបើករថយន្ត និងមានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពការពារកុមារ (CPU) បន្ទាប់ពីទទួលបានព័ត៌មាន និងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ តាមលទ្ធផលនៃការស្រាវជ្រាវ ជនសង្ស័យពាក់ពន្ធ័ករណីប្រព្រឹត្តអំពើចាប់រំលោភលើកុមារីចំនួន ៣នាក់ ព្រមទាំងបានធ្វើសកម្មភាពបៀតបៀនកេរខ្មាសលើកុមារីជាសិស្សសាលាផ្សេងទៀតជាច្រើននាក់ផងដែរ។
