(ខេត្តកណ្តាល) សភារាជ ព័ត៌មាន G M News
នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការស្នើដល់ម្ចាស់ទីតាំងដី សុំពន្យារពេល ឱ្យអាជីវករ បន្តប្រកបអាជីវកម្ម លក់ដូរនៅលើទីតាំងដីមួយកន្លែង ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលរហូតដល់ខែកញ្ញា ឆ្នាំ២០២៧ ដើម្បីទុកពេលវេលាឱ្យភាគីពាក់ព័ន្ធអាចសម្របសម្រួល និងដោះស្រាយបញ្ហាបានសមស្រប។
ក្នុងឱកាសសំណេះសំណាលពីគ្រោះយោបល់នារសៀលក្នុងកិច្ចប្រជុំស្នើសុំអន្តរាគមន៍ដោះស្រាយករណីនេះ លោក នួន អក និងអាជីវករ ដែលមានការមិនទាន់ឯកភាពគ្នាពាក់ព័ន្ធនឹងការប្រគល់ទីតាំងដី និងការបង់ប្រាក់ថ្លៃឈ្នួលដី លើទីតាំងទំហំ ១០,៨០៦ ម៉ែត្រការ៉េ ដែលមានទីតាំងដូចខាងលើនេះ។ ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងប្រកបមុខរបរ សូមកុំមានការព្រួយបារម្ភ ឬភ័យខ្លាចនិងការពាក់ព័ន្ធដើម្បីការបន្តប្រកបអាជីវកម្មរបស់ខ្លួន រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ នឹងបន្តខិតខំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យអាជីវករអាចបន្តលក់ដូរ និងប្រកបមុខរបររបស់ខ្លួនបានរហូតដល់ខែកញ្ញា ឆ្នាំ២០២៧។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជីវករទាំងអស់ ត្រូវប្រមូលនិងផ្តល់ឯកសារពាក់ព័ន្ធ ដូចជា វិក្កយបត្រ បង្កាន់ដៃបង់ប្រាក់ កិច្ចសន្យា ឬឯកសារផ្សេងៗដែលធ្លាប់បានធ្វើជាមួយលោក នួន អក ទៅអាជ្ញាធរក្រុងតាខ្មៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងពិនិត្យមើលឱ្យបានច្បាស់លាស់ ដើម្បីកំណត់អត្តសញ្ញាណអាជីវករដែលពិតប្រាកដ និងពិនិត្យស្ថានភាពនៃការបង់ប្រាក់ តាមកិច្ចសន្យាដែលមានស្រាប់ ជាគោលបំណងទប់ស្កាត់ការក្លែងបន្លំឯកសារ ឬការឆ្លៀតឱកាសពីជនខិលខូចមួយចំនួន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការអនុញ្ញាតឱ្យបន្តលក់ដូរនេះ មានកាលកំណត់រហូតដល់ ខែកញ្ញា ឆ្នាំ២០២៧ ក៏ប៉ុន្តែក្រោយផុតកំណត់ ប្រសិនបើអាជីវករមានបំណងបន្តប្រកបអាជីវកម្មនៅទីតាំងដដែល និងបន្តទៀតនោះអាស្រ័យលើការចរចា និងការព្រមព្រៀងជាក់ស្តែងរវាងអាជីវករ និងម្ចាស់ដីប៉ុណ្ណោះ។ ឯកឧត្តម គួច ចំរើន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជីវករ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅលើទីតាំងដីខាងលើ ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាព និងបញ្ហាប្រឈមរបស់អាជីវករ ដែលកំពុងប្រកបមុខរបរនៅលើទីតាំងនេះផងដែរ។







