សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ជួយជនរងគ្រោះទឹកជំនន់នៅនេប៉ាល់

(រាជធានីភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាចំនួន ១០០.០០០ដុល្លារអាម៉េរិក ដើម្បីចូលរួមចំណែកក្នុងប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការជួយសង្គ្រោះ និងឆ្លើយតបចំពោះគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅតំបន់ព្រំដែននេប៉ាល់-ចិន។

ការសម្រេចផ្តល់ជំនួយនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោយពីគ្រោះទឹកជំនន់កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានបង្កឱ្យមានមនុស្សបាត់បង់ជីវិតជាង ១ពាន់នាក់ រាប់ពាន់នាក់កំពុងបាត់ខ្លួន និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន។

ក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះប្រជាជននេប៉ាល់ ដែលកំពុងជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិនេះ ព្រមទាំងជូនពរឱ្យតំបន់រងគ្រោះឆាប់បានស្តារឡើងវិញ និងប្រជាជនទទួលបានសុខសុវត្ថិភាព។





Previous Post Next Post