ឥណ្ឌូណេស៊ី ក៏គ្រោងយកថ្លៃសេវាកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Malacca ដែរ

 ស្របពេលពិភពលោកកំពុងជួបវិបត្តិប្រេងសាំងឡើងថ្លៃ ដោយសារសង្គ្រាមមជ្ឈិមបូព៌ារួចទៅហើយនោះ ស្រាប់តែឥឡូវស្ថានការណ៍ក៏រឹតតែធ្ងន់ ក្រោយពេលប្រទេសឥណ្ឌូណេស៊ី បង្ហាញគំនិតចង់យកថ្លៃសេវាលើកប៉ាល់ពាណិជ្ជកម្មទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca។

តាមការផ្សាយរបស់ CNA, នេះជាគំនិតរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Purbaya Yudhi Sadewa ដោយលោកអះអាងថា គឺជាផ្នែកមួយនៃគោលនយោបាយរបស់ប្រធានាធិបតី Prabowo Subianto ដើម្បីជំរុញឲ្យឥណ្ឌូណេស៊ីក្លាយជាតួអង្គសំខាន់ ក្នុងសេដ្ឋកិច្ចពិភពលោក មិនមែនគ្រាន់តែជាប្រទេសស្ថិតនៅជាយដែនសេដ្ឋកិច្ចនោះទេ។

លោក Purbaya បានថ្លែងក្នុងសិក្ខាសាលាមួយនៅទីក្រុងហ្សាការតា កាលពីថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦ថា៖ «ស្របតាមអ្វីដែលលោកប្រធានាធិបតីណែនាំ ឥណ្ឌូណេស៊ីមិនមែនជាប្រទេសនៅជាយដែនឡើយ។ យើងស្ថិតនៅលើផ្លូវពាណិជ្ជកម្មនិងថាមពលសកលដ៏មានយុទ្ធសាស្ត្រ ប៉ុន្តែកប៉ាល់ទាំងឡាយបែរជាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Malacca ដោយមិនត្រូវបានគិតថ្លៃសេវាទៅវិញ។ ខ្ញុំមិនប្រាកដថា តើរឿងនេះវាជារឿងត្រឹមត្រូវឬក៏ខុសនោះទេ»។

ស្របពេលជាមួយគ្នានោះ លោក Purbaya ទទួលស្គាល់ថា ផែនការប្រមូលប្រាក់កម្រៃនេះគឺ ទទួលបានការបំផុសគំនិតពីអ៊ីរ៉ង់ ដែលគ្រោងប្រមូលកម្រៃពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកយល់ឃើញថា ប្រសិនបើអ៊ីរ៉ង់អាចធ្វើបាន ឥណ្ឌូណេស៊ីក៏គួរតែពិចារណាធ្វើដូចគ្នាដែរ ព្រោះច្រក Malacca ក៏ស្ថិតក្នុងចំណោមផ្លូវនាវាចរណ៍ដ៏មមាញឹកបំផុតមួយក្នុងលោក ផងដែរ។

យ៉ាងណា រដ្ឋមន្ត្រីរូបនេះស្នើឡើងថា ឥណ្ឌូណេស៊ីគួរតែសហការជាមួយប្រទេសជាប់ឆ្នេរពីរទៀតគឺ ម៉ាឡេស៊ីនិងសិង្ហបុរី ដើម្បីបែងចែកចំណូលដែលទទួលបានពីការប្រមូលកម្រៃនេះ។

ទោះបែបនេះ សិង្ហបុរីនិងម៉ាឡេស៊ី មិនគាំទ្រចំពោះគំនិតរបស់ឥណ្ឌូណេស៊ីឡើយ ដោយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishnan សង្កត់ធ្ងន់ថា សេរីភាពនៃការធ្វើនាវាចរណ៍តាមច្រក Malacca និងសិង្ហបុរី ត្រូវតែរក្សាឲ្យបានដាច់ខាតតាមច្បាប់អន្តរជាតិ (UNCLOS) ហើយសិង្ហបុរីនឹងមិនចូលរួមក្នុងកិច្ចប្រឹងប្រែងណាមួយដើម្បីដាក់កម្រិត ឬប្រមូលកម្រៃឡើយ។

ចំណែកម៉ាឡេស៊ី ក៏បង្ហាញជំហរស្រដៀងគ្នាដែរ ដោយចង់ឲ្យច្រកសមុទ្រនេះនៅតែជាផ្លូវទឹកសេរី និងបើកចំហសម្រាប់ការធ្វើពាណិជ្ជកម្មពិភពលោក។

ច្រកសមុទ្រ Malacca គឺជាផ្លូវទឹកដ៏សំខាន់បំផុតមួយក្នុងលោក ដែលតភ្ជាប់មហាសមុទ្រឥណ្ឌា ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ វាជាច្រកសមុទ្រចង្អៀតស្ថិតនៅចន្លោះ កោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី និង ឧបទ្វីបម៉ាឡេ នៃប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី។ 

ជាមួយប្រវែងប្រហែល ៨០០ គីឡូម៉ែត្រ, ច្រក Malacca គឺជាសរសៃឈាម នៃពាណិជ្ជកម្មសកល។ ពោលគឺជិត ៤០% នៃទំនិញជួញដូរលើពិភពលោកនិងប្រហែល២៥% នៃប្រេងដែលដឹកតាមសមុទ្រ គឺត្រូវឆ្លងកាត់ច្រកនេះ៕

ប្រភព៖ CNA



Previous Post Next Post