ក្រុមអនុព័ន្ធយោធាបរទេស បានចុះសង្កេតការណ៍តំបន់អូរភ្លុកដំរី និងច្រកជ័យ​ជំនះទី ដែលថៃ​ដាក់​ទូកុងតឺន័រ និងបន្លាលួស

 ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា បាន​ចុះ​សង្កេតការណ៍ នៅ​តំបន់ អូរភ្លុកដំរី និងនៅច្រកជ័យជំនះ ​ទីតាំងដែលយោធាថៃ​ដាក់​ទូ​កុង​តឺន័រ និងបន្លាលួស ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានដោយឡែកពីគ្នា របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមេសានេះ។

នេះគឺជាទស្សនកិច្ចជាលើកទី២ ទៅកាន់តំបន់ព្រំដែន នៅឆ្នាំនេះ របស់​MACPP​ប្រចាំ កម្ពុជា។ បើ​តាមលោកស្រី ម៉ាលី សុជាតា ក្នុងបេសកកម្មនេះ ​MACPP​ ប្រចាំកម្ពុជា​ បាន ចុះ​សង្កេត​ការណ៍មុនគេ នៅតំបន់អូរភ្លុក​ដំរី នៅខេត្តពោធិ៍សាត់ នៅម៉ោង​១២ និង៥៤នាទី ​រសៀល ថ្ងៃទី២៨ ខែមេសានេះ។

បន្ទាប់ពី​តំបន់អូរភ្លុកដំរី ​ក្រុម​អនុព័ន្ធយោធាបរទេស នៅម៉ោង១និង៣៥នាទីរសៀល បាន​បន្ត​ចុះ​សង្កេតការណ៍នៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ ទីតាំង​ដែលកង​ទ័ពថៃ បានកាន់កាប់ដោយ​ខុសច្បាប់ ហើយបន្តដាក់ពង្រាយ​ទូកុងតឺន័រ និង​បន្លាលួស។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ​​លោកស្រី ម៉ាលី សុជាតា បានស្វាគមន៍ចំពោះ​បណ្តា​ប្រ​ទេសជាមិត្ត ដែលមានបំណងចូលរួម ចុះពិនិត្យនិងសង្កេតការណ៍ផ្ទាល់ ​នៅ​តាម​បណ្តោយ​ព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាន​នូវ​តម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។

លោកស្រី ម៉ាលី សុជាតា សង្កត់ធ្ងន់ទៀតថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅ​​តែ​រក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត ក្នុងការគោរពនិងអនុវត្តយ៉ាង​ពេញ​លេញ ​សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម ព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរក ប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ​ដែលរស់នៅតាមបណ្តាយ​ព្រំដែនប្រទេសទាំងពីរ៕





Previous Post Next Post