ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលនៅជួរមុខ ក្នុងករណីដែលបងប្អូនមានទុក្ខកង្វល់ បញ្ហាអ្វីមួយ ឬតម្រូវការសេវាផ្សេងៗ ត្រូវរាយការណ៍ជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ហើយអាជ្ញាធរ និងមន្ត្រីជំនាញ....

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់ក្រុមគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលនៅជួរមុខ ក្នុងករណីដែលបងប្អូនមានទុក្ខកង្វល់ បញ្ហាអ្វីមួយ ឬតម្រូវការសេវាផ្សេងៗ ត្រូវរាយការណ៍ជូនដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ហើយអាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវធ្វើសកម្មភាពនេះជាបន្ទាន់ ដើម្បីសម្របសម្រួលជូនពួកគាត់។

ការអំពាវនាវបែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាលគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ និងអបអរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បន្តថា៖ ការជួបសំណេះសំណាលនេះ គឺជាការបង្កើនទំនាក់ទំនងជាមួយអាជ្ញាធរ និងគ្រួសារវីរៈកងទ័ព និងវីរៈនគរបាល ហើយក្នុងករណីដែលគ្រួសារវីរៈកងទ័ព និងវីរៈនគរបាលមានការចាំបាច់ ត្រូវការសេវាដែលគាំទ្រពីរដ្ឋ សេវារដ្ឋបាល សេវាសុខាភិបាល ឬតម្រូវការផ្សេងៗ នោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់យើង នឹងរង់ចាំជួយសម្របសម្រួលជូនគ្រួសារវីរៈកងទ័ព ហើយប្រសិនបើមានបញ្ហាអ្វីផ្សេងៗ សូមធ្វើការទំនាក់ទំនងសុំការជួយសម្របសម្រួលពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្ថែមថា៖ អារម្មណ៍របស់ក្រុមគ្រួសារនៅខាងក្រោយពិតជាមានការព្រួយបារម្ភចំពោះវីរៈកងទ័ព និងវីរៈនគរបាលរបស់យើងដែលកំពុងប្រឈមហានិភ័យ ក្នុងការការពារបូណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន។ ហើយចំពោះការព្រួយបារម្ភពីសុខទុក្ខរបស់វីរៈកងទ័ព និងវីរៈនគរបាលយើង មិនមែនមានត្រឹមតែសាច់ញាតិផ្ទាល់នោះទេ ប៉ុន្តែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ក៏មានការព្រួយបារម្ភទាំងអ្នកដែលនៅជួរមុខ និងក្រុមគ្រួសារដែលនៅចូលក្រោយផងដែរ។ 

ក្នុងឱកាសនោះដែរឯកឧត្ដមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងដឹងគុណជាអនេក ចំពោះបងប្អូនវីរកងទ័ព វីរនគរបាល ដែលបានលះបង់កម្លាំង ញើសឈាម ឃ្លាតឆ្ងាយពីគ្រួសារ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន ប្រកបដោយស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ ដែលធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រកបដោយភាពសុខដុមក្សេមក្សាន្ត របស់យើងទាំងអស់គ្នាជាប្រជាពលរដ្ឋនៅជួរក្រោយ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋខេត្តកណ្ដាល សូមបួងសួងទេវតាឆ្នាំថ្មី សូមប្រោះព្រំនូវសព្ទសាធុការ ពរជ័យ ជាពិសេសជូនដល់វីរៈកងទ័ព និងវីរៈនគរបាល រួមទាំងក្រុមគ្រួសារ សូមឆ្នាំថ្មីមានសុខភាពល្អ មានសិរីសួស្ដី ទទួលបានជោគជ័យ សូមជួបនូវពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។










Previous Post Next Post