ឯកឧត្តម ឌិត ទីណា ជំរុញឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែង ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព

 ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ”។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងក្ដីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបូជាកម្លាំងកាយចិត្ត និងស្មារតី ក្នុងការការពារបូរណភាពទឹកដី និងសេចក្ដីសុខសាន្តរបស់ប្រជាជនពីការឈ្លានពាននានា។ ពលិកម្មរបស់វីរកងទ័ពគឺជាគ្រឹះដ៏រឹងមាំដែលធ្វើឱ្យខេត្តបន្ទាយមានជ័យមានឱកាសកសាង និងអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងស្មោះស ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងក្រុមការងាររាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងសប្បុរសជនជិតឆ្ងាយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ដែលបានរួមសហការគ្នាជាធ្លុងមួយ ប្រកបដោយស្មារតី "ខ្មែរជួយខ្មែរ" ក្នុងការផ្ដល់ជម្រក ស្បៀងអាហារ និងការយកចិត្តទុកដាក់ខ្ពស់បំផុតដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក។ កាយវិការដ៏សប្បុរសនេះស្តែងឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំដែលមិនអាចបំបែកបានក្នុងគ្រាលំបាក។

ឯកឧត្តម ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ។ លទ្ធផលទាំងនេះកើតចេញពីការតាំងចិត្តខ្ពស់ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់។

សម្រាប់ទិសដៅឆ្នាំ២០២៦ ឯកឧត្តមបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នូវចំណុចគន្លឹះៗរួមមានបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងរហ័សទាន់ចិត្ត ធានាឱ្យបាននូវភាពសុខសាន្តតាមមូលដ្ឋាន។ បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។ ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ស្មារតីខិតខំប្រឹងប្រែងនេះ នឹងបន្តស្ថិតស្ថេរដើម្បីនាំមកនូវភាពរុងរឿង និងការរីកចម្រើនជាដរាបសម្រាប់ខេត្តបន្ទាយមានជ័យ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ (ប្រភព ផេកក្រសួងព័ត៌មាន)







Previous Post Next Post