(រាជធានីភ្នំពេញ)៖ នៅថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កម្មវិធីនេះប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្តល់សេវាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ធនធានមនុស្ស ស្របទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ចំពោះសមិទ្ធផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបាននាឆ្នាំ២០២៥នេះ មានដូចជា ការកសាងអភិវឌ្ឍន៍ជាប្រចាំមាន ផ្លូវថ្នល់ ទឹកស្អាត បណ្ដាញអគ្គីសនី បណ្តាញទូរគមនាគមន៍ សួនច្បារ ផ្លូវក្រោមដី ស្ពានអាកាស ស្ពានឆ្លងទន្លេ និងប្រព័ន្ធលូ ប្រឡាយ ដែលបានធ្វើឱ្យការរំដោះទឹកនៅក្នុងរាជធានីភ្នំពេញបានល្អប្រសើរ បានកែលម្អរសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធជាប្រចាំ រៀបចំសួនខាងជើងក្រុងជាដើម។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ក្នុងឆ្នាំ២០២៥នេះដែរ ការថែរក្សាសន្តិសុខ សុវត្ថិភាព កម្លាំងមានសមត្ដកិច្ចរបស់យើងអនុវត្តការងារបានល្អ ទាំងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែស៊ីសងគ្រប់ប្រភេទ ដោយយើងបង្ក្រាបបទល្មើសបាន៤៦៣ករណីលើ៤៧៣ករណី ថយចុះ១០ករណី បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បានចំនួន៤៤ករណី។ ចំណែកការងារទេសចរណ៍វិញ រាជធានីភ្នំពេញ បានកែច្នៃតំបន់ទេសចរណ៍ ឱ្យមានលក្ខណៈសំបូរបែប ដោយទទួលបានភ្លៀវទេសចរណ៍ជាតិ អន្តរជាតិ បានប្រមាណ៨ម៉ឺនទៅ១០ម៉ឺននាក់ សំរាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ នៅផ្លូវថ្មើរជើងចតុមុខ walk street រហូតមានភាពល្បីល្បាញនិងទាក់ទាញដល់ឆាកអន្តរជាតិ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា៖ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយទៅជួរមុខបានចំនួន ៥០លើក (៣៥ រថយន្តធំ និង ៥៥ កុងតឺន័រ )មានសម្ភារជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរួមមាន អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាថវិកានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងអំណោយរបស់សប្បុរសជនមានថវិកានិងសម្ភារជាច្រើនសន្ធឹកសន្ធាប់ទៀតផងដែរ។
ឯកឧត្ដម ឃួង ស្រេង បន្តថា៖ ពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញនេះ យើងបានបែងចែកក្រុមពិភាក្សាចំនួន៥ក្រុម ដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយនិងរកធាតុចូល ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ សម្រេចជោគជ័យថ្មីៗទៀត នាឆ្នាំខាងមុខ ក្នុងនោះរួមមាន៖
ក្រុមទី១៖ ដឹកនាំដោយឯកឧត្ដម ឆាយ វីរៈ និងឯកឧត្ដម ហួត ហៃអភិបាលរងរាជធានីភ្នំពេញ ពិភាក្សាលើប្រធានបទ-ការចុះបញ្ជីគម្រោងវិនិយោគឯកជនដែលមានទុនសមមូល ៥លានដុល្លារអាមេរិកចុះក្រោម។
ក្រុមទី២៖ ការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ និងប្រព័ន្ឋប្រឡាយ-លូ ដែលមានឯកឧត្ដម សុខ ពេញវុធ និងឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ដឹកនាំពិភាក្សា “ការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ និងប្រព័ន្ធប្រឡាយ-លូ។
ក្រុមទី៣៖ ដឹកនាំដោយឯកឧត្ដម ហ៊ុន សុរិទ្ធី និងឯកឧត្ដម អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ពិភាក្សាលើប្រធានបទ៖ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើ «បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam»
ក្រុមទី៤៖ ដឹកនាំដោយលោកជំទាវតិមា វិច្ឆិកាល និងឯកឧត្ដម ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ លើប្រធានបទ៖ ពង្រឹងការអនុវត្តបទបញ្ជាលេខ ០២ បប ស្តីពី «ការដាក់ចេញវិធានការ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា» និងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។
ក្រុមទី៥៖ ដឹកនាំដោយឯកឧត្ដម ឃ្លាំង ហួត និងឯកឧត្ដម សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ ការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាពដោយផ្តោតលើ វិស័យសំណង់, រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus និងផ្លូវថ្មើរជើង។(ប្រភព រដ្ឋបាលរាជធានីភ្នំពេញ)







