(ខេត្តកណ្តាល)៖ នៅថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល និងលោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានអញ្ជើញជាអធិបតី ក្នុងពិធីវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ នឹងការធ្វើអាជីវកម្មខ្សាច់ ស្ថិតនៅតាមដងទន្លេបាសាក់ ក្នុងឃុំព្រែកគយ និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
សូមជម្រាបថាៈនៅពិធីវេទិការនេះឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថាៈ ក្រុមហ៊ុនមុននឹងធ្វើអាជីវកម្មនៅទីនេះ គឺក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងរ៉ែ និងថាមពល បានចុះសិក្សាអំពី លំហូរទឹកទន្លេ ល្បឿនទឹក ស្ថានភាពច្រាំង និងកិច្ចការបច្ចេកទេសសំខាន់ៗច្បាស់លាស់ណាស់។ ចំណែកក្រសួងបរិស្ថានវិញ ក៏បានសិក្សាអំពីហេតុប៉ះពាល់បរិស្ថាន ពិនិត្យជីវចម្រុះដែលមាន ដូចជាត្រី និងសត្វដែលរស់នៅក្នុងទឹកមួយចំនួនទៀត ហើយក្រសួងទាំងពីរចេញសេចក្តី បញ្ជាក់ជូន ទើបក្រុមហ៊ុន ចាប់ផ្តើមដាក់ពាក្យសុំធ្វើអាជីវកម្មមកក្រសួងរ៉ែ និងថាមពល ដើម្បីទទួលបានអាជ្ញាបណ្ណស្របច្បាប់ មុនពេលធ្វើប្រតិបត្តការ។
ឯកឧត្តម អភិបាលរងខេត្ត បានបន្តថាៈ ស្របពេលដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅនាមមូលដ្ឋាន។ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់ក្រុមការងារជំនាញ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្នុងករណីមានចម្ងល់សូមលើកជាសំណួរ និងសំណូមពរឱ្យបានផុលផុស ដើម្បីក្រុមការងារជំនាញឆ្លើយបំភ្លឺបកស្រាយនូវរាល់សំណួរ និងសំណូមពរផ្សេងៗ អំពីក្តីបារម្ភ របស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់បន្ថែមទៀតអំពីបច្ចេកទេសក្នុងការបូមខ្សាច់នេះ។
លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ លោកបានបញ្ចាក់ថាៈ ខាងក្រសួងក៏ដូចជាអាជ្ញាធរខេត្ត បានតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ខាងលើ ត្រូវអនុវត្តឱ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេទាំងអស់ មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែលខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឱ្យក្រសួងចាត់វិធានការផាកពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។







