(ខេត្តកណ្តាល)៖ ការគាំទ្រនេះធ្វើឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល ស្រុក ឃុំ ឆ្នាំ២០២៥-២០២៨ ថ្នាក់ស្រុក ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
សូមជម្រាបថាៈប្រសាសន៍ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានលើកឡើង ក្នុងកម្មវិធិសិក្ខាសាលា គឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាឃុំ ដើម្បីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ នាបច្ចុប្បន្ននេះ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ នៅថ្នាក់ស្រុកកណ្ដាលស្ទឹង ទទួលបានការគាំទ្រជាបន្ដបន្ទាប់ពីរដ្ឋបាលខេត្ត មន្ទីរអង្កភាពជំនាញជុំវិញខេត្ត សប្បុរសជន និងអង្គការនានា ដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។
ឯកឧត្ដម បន្តថាៈ សិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្ដល់ឱកាសផ្សារភ្ជាប់ឱ្យរលូនរវាងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញ និងអង្គការ ជាដៃគូអភិវឌ្ឍន៍នានាព្រមទាំងសប្បុរសជនទាំងអស់ដែលធ្វើសកម្មភាពក្នុងមូលដ្ឋាន។ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺគាំទ្រ រួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឺះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល ។
សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ឃុំ ស្រុកនេះ ក្រុមប្រឹក្សាឃុំគ្រប់ឃុំ ពិសេសគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ គ្រប់ឃុំ និងក្រុមការងារកសាងផែនការ និងកម្មវិធីវិនិយោគឃុំស្រុក ត្រូវខិតខំបន្ដអនុវត្ដសម្រេចឱ្យបាននូវកិច្ចការដែលសេសសល់ស្របតាមប្រតិទិនការងារកសាងកម្មវិធីវិនិយោគប៣ឆ្នាំរំកិលឃុំ ស្រុក ដែលបានគ្រោងទុក ដើម្បីដាក់ជូនក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ពិនិត្យអនុម័ត និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងឃុំ ស្រុកជាមួយរមន្ទីរជំនាញជុំវិញខេត្ដ អង្គការ នានា គម្រោងទទួលបានការគាំទ្រសរុបមានចំនួន ២៤២លើ៥២០គម្រោង សម្រាប់ឃុំស្មើនឹង៤៧ភាគរយ ស្រុកទទួលបានការគាំទ្រចំនួន៧លើ៥០គម្រោងស្មើនឹង១៤ភាគរយ។







