(រាជធានីភ្នំពេញ)៖ ទីស្ដីការក្រសួង នៅថ្ងៃពុធ ៦កើត ខែមគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ បានដឹកនាំកិច្ចប្រជុំ បូកសរុបស្តីពីលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់រយៈពេល ១០ខែ និងលើកទិសដៅការងារបន្ត។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន ក្រុមការងារជញ្ជីងចល័ត និងអនុប្រធានស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមជម្រាបថាៈ ក្នុងកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃលើសលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ក្នុងរយៈពេល១០ ក្នុងឆ្នាំ២០២៥ និងពិភាក្សាស្វែងរកដំណោះ លើបញ្ហាប្រឈមនានា ដែលបានអនុវត្តនាពេលកន្លងមក ដើម្បីពង្រឹងការអនុវត្តការងារទប់ស្កាត់បទល្មើសការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។យោងតាមរបាយការណ៍នៃការអនុវត្តការងារក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥ ស្តីពីលទ្ធផលការងារលេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រថយន្ត ចំនួន ២ ៥៧៣ ៥១៣ គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះ រថយន្តផ្ទុកមិនលើសទម្ងន់កម្រិតកំណត់ចំនួន ១ ៩៥៥ ៧៧៨ រថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ លើសក្រោម ៥% ចំនួន ៦១៦ ៦៥១ លើសពី៥% ទៅ ១០% ៣៨៩ គ្រឿង លើសពី១០% ទៅ ២០% ចំនួន ៤៤៦ គ្រឿង លើសពី២០ % ចំនួន ២៤៩ គ្រឿង និងរថយន្តដែលត្រូវបានពិន័យមានចំនួន ១ ០៨៥ គ្រឿង។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធាន បានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីនៅតាមស្ថានីយត្រូវពង្រឹងសមត្ថភាព និងសាមគ្គីភាពគ្នាក្នុងស្ថានីយ គោរពវិន័យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ត្រូវរៀបចំសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកធ្ងន់ៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការជាបន្ទាន់ និងត្រូវសហការឱ្យបានល្អជាមួយក្រុមចល័តក្រសួង ព្រមទាំងស្ថានីយទាំងអស់ឱ្យបានល្អ និងទាន់ពេលវេលា សំដៅពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។







