(ខេត្តស្វាយរៀង)៖ បើយោងតាមសេចក្តីរាយការណ៍បឋម ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សានមួយកន្លែង ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅកណ្តាលក្រុងបាវិត ខេត្តស្វាយរៀង និងឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
សូមជម្រាបថាៈ នៅក្នុងប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន ដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សេចក្តីរាយការណ៍ដដែលបានដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោក ឡាយ ជុងហេង បានធ្វើការបង្រ្កាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលអោយប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀន នៅក្នុងក្លឹបមួយកន្លែងមានឈ្មោះ ក្លឹបកំសាន្តអន្តរជាតិបាវិត ស្ថិតនៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលចាប់ខ្លួនជនសង្ស័យជាង៣០០នាក់ ជនជាតិខ្មែរ ជនជាតិចិន និងជនជាតិវៀតណាម ព្រមទាំងដកហូតថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនធំ ទូរស័ព្ទដៃ និងរថយន្តមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។







