(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលប្រជុំធំថ្មី បានរៀបចំប្រារព្ធពិធីថ្វាយព្រះពរបរវមហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលក្រុង ស្រុក និងមន្ត្រីអ្នកមុខអ្នកការយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសដ៏មហាជ័យមង្គលថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការយាងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានេះ រដ្ឋបាលខេត្តពោធិ៍សាត់ បាននិមន្តព្រះសង្ឃសូត្រមន្តកិច្ច តាមបែបព្រះពុទ្ធសាសនា ថ្វាយព្រះពរបរវមហាប្រសើរ ដល់ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ខូយ រីដា បានអាននូវសារលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបលើកទី២១ ដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សឧត្ដុង្គឧត្តមបំផុត នៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហារបុត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃពុធ ០៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងពលរដ្ឋខេត្តពោធិ៍សាត់ទាំងអស់ សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយ អភិវន្ទន៍កិច្ចសម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយយ៉ាងក្រៃលែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រ ចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លានៃព្រះបារមីព្រះបរមរាជសម្បត្តិដ៏ពិសិដ្ឋ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែង សព្ទព្រះរាជទ័យ យកចិត្តទុកដាក់អស់ពីកម្លាំងព្រះកាយពល ព្រះបញ្ញាញាណបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម បម្រើមាតុភូមិ និងប្រជារាស្ត្រ ប្រកបដោយទសពិធរាជធម៌ និងព្រះរាជតម្រិះគតិបណ្ឌិត ដ៏មហាឈ្លាវៃ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងបាននាំមកនូវភាពសុខដុមរមនា ជូនប្រជារាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនរើសអើងអ្វីឡើយ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បារមីលោកយាយយ៉ាត សូមជួយប្រោះព្រំ សព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្ររបស់ព្រះអង្គ តរៀងទៅ។
សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវកិច្ចដ៏ខ្ពស់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស។







