រដ្ឋបាលស្រុកអង្កស្នួលបានរៀបចំពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងបានចែកប័ណ្ណកម្មសិទ្ធដីធ្លីចំនួន ១០,២៣៦ប័ណ្ណ ស្មើរនិងចំនួន ១៨ភូមិ ក្នុងឃុំម្កាក់ ឃុំព្រៃពួច និងឃុំដំណាក់អំពិល

 (ខេត្តកណ្តាល)

នៅថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្អសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលស្រុកអង្គស្នួល បានរៀបចំពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាម្ចាស់បណ្ណ័អចលនវត្ថុ ចំនួន១៨ភូមិ មានចំនួន៣ឃុំ គឺឃុំម្កាក់ ឃុំព្រៃពូច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្កភាពពាក់ពន្អជំវិញខេត្ត លោក លោកស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។

សូមជម្រាបថាៈ នៅក្នុងអង្កពិធី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋដែលមិនបានមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ ត្រូវរួសរាន់មកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋានរបស់ខ្លួន តាមការកំណត់របស់មន្ត្រីជំនាញរយៈពេល ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃប្រកាសចែកប័ណ្ណកម្មសិទ្ឌិនេះតទៅ ហើយមិនមានការបង់សេវាលើកការថែរក្សាប័ណ្ណជូនម្ចាស់កម្មសិទ្ធនោះទេ។ 

ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១០,២៣៦ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១៨ភូមិ ស្ថិតនៅភូមឃុំដែលមានដូចខាងលើនេះ។ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាប័ណ្ណនេះឲ្យបានត្រឹមត្រូវបានល្អ និងសូមបងប្អូនប្រជាពលរដ្ឋត្រូវទុកដាក់ថែរក្សាកុំឱ្យបាត់បង់ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ និងការទិញលក់ បញ្ចាំដីធ្លីរបស់ខ្លួនស្របតាមច្បាប់។ នៅពេលមានការបាត់បង់គឺតម្រូវឱ្យធ្វើប័ណ្ណទុតិយតាឡើងវិញ ជាការពិបាកស្មុគស្មាញណាស់ ត្រូវទាមទារការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយមុននិងចេញជូន បើមិនមានលក្ខណៈត្រឹមត្រូវនោះទេ អាចនឹងផ្តល់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្រោយទៀតក្នុងការទិញ លក់បង្កជាវិវាទផ្សេងៗ។ ដូច្នេះនៅពេលដែលមានការបាត់បង់ប័ណ្ណកម្មសិទ្ធិដីធ្លី សូមប្រជាពលរដ្ឋ ប្រញាប់ទៅជួបជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងមូលដ្ឋានខ្លួន ដើម្បីផ្ដល់ព័ត៌មាន ឯកសារពាក់ព័ន្ធនានា ក្នុងការសុំធ្វើប័ណ្ណបានទុតិយតាត្រឹមត្រូវស្របតាមច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា បញ្ហាដីធ្លីរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងប្ដេជ្ញាខិតខំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទូទាំងខេត្តឱ្យបានលឿនរួចរាល់អស់នៅចុងឆ្នាំ ២០២៥នេះ។ ពីព្រោះការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លីប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព។

ឯកឧត្តម បានស្នើដល់អាជ្ញាធរស្រុក ត្រូវបន្តគិតគូរពីការសម្អាតបរិស្ថាន និងការទុកដាក់សំរាមសំណល់រឹងឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសុខភាពប្រជាពលរដ្ឋ បរិស្ថានល្អផ្តល់នូវភាពស្អាត សេចក្តីថ្លៃថ្នូរ មានសេរីសួស្តី និងសុខភាពល្អ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា សំរាមគឺកើតចេញពីយើងទាំងអស់គ្នា ដូច្នេះយើងត្រូវតែចូលរួមសម្អាតថែទាំទាំងអស់គ្នា ត្រូវនាំគ្នាដាំដើមឈើ ដើមផ្កាលម្អបរិស្ថាន ដោយចាប់ផ្ដើមពីជុំវិញខ្លួនយើង ផ្ទះយើង ភូមិយើង ស្រុកយើង ខេត្តយើង និងប្រទេសយើងទាំងមូល។ ក៏បានធ្វើការក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុកគ្រប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសត្រូវមានវិធានការទប់ស្កាត់ ករណីក្មេងទំនើងកុំឱ្យកើតឡើងក្នុងមូលដ្ឋានជាដាច់ខាត។ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការក្នុងការដោះស្រាយបញ្ហាទឹកជំនន់ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ និងកូនក្មេង។










Previous Post Next Post