កម្លាំងគយចល័ត ចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿង

 (ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះដោយ យោងតាមការណែនាំរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ។ បានឲ្យកម្លាំងគយចល័ត ដែលដឹកនាំផ្ទាល់ ដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស ដឹកនាំមន្ត្រីគយក្រោមឱវាទ ចុះសហការជាមួយសមត្ថកិច្ចចម្រុះ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងដឹកនាំផ្ទាល់ដោយលោកព្រះរាជអាជ្ញារង ២រូប បានធ្វើការពិនិត្យនិងបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធ ចំនួន៩កន្លែងដែលតាំងលក់ នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះក៏បានរកឃើញម៉ូតូគ្មានពន្ធនាំចូល ចំនួន១៥១គ្រឿង និងបានចាប់ឃាត់យកមកអនុវត្ត ទៅតាមនីតិវិធីច្បាប់។

សូមជម្រាបថាៈ មន្ត្រីសមត្ថកិច្ចមួយរូបដែលបានចុះប្រតិបត្តិការផ្ទាល់បានឲ្យបណ្តាញព័ត៌មានដឹងថា មុននឹងឈានទៅដល់ការព័ទ្ធ ចាប់នៅទីតាំងលក់ម៉ូតូខាងលើនេះ គឺអង្គភាពគយបានធ្វើការស្រាវជ្រាវតាមរយ:ចាប់ឃាត់រថយន្តរបស់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលបានលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ម៉ូតូខាងលើ យកទៅរាជធានីភ្នំពេញ ហើយកម្លាំងគយបង្ក្រាបបានកន្លងមក។ ទន្ទឹមនឹងនេះក៏មានការលួចដឹកម៉ូតូគេចពន្ធ តាមរយ:រថយន្តដឹកអ្នកដំណើរ ក៏ត្រូវបានមន្ត្រីគយយើងចាប់ឃាត់ និងសួរនាំទៅអ្នកបើកបរ បានឆ្លើយសារភាពថា ខ្លួនបានដឹកចេញពីទីតាំងលក់ម៉ូតូខាងលើជាច្រើនដងផងដែរ។










Previous Post Next Post