លោកជំទាវ ស្រ៊ន ស្រីនាង អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៥០ សណន ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់

(ខេត្តកណ្តាល)៖ នៅថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំបើកកិច្ចប្រជុំ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៥០ សណន ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់នោះ។ ក្រោមគណៈអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល។ ដោយមានការអញ្ចើញពីអាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក កងកម្លាំងនគរបាលជំនាញ មន្ទីរអង្កភាពពាក់ពន្ធជាច្រើនរូប។

សូមជម្រាបថាៈនៅក្នុងអង្កប្រជុំ លោកជំទាវ ស្រ៊ន ស្រីនាង អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ក្រុងស្រុកទាំងអស់ធ្វើការពនិត្យសាជាថ្មីឡើងវិញនិងផ្តល់ឯកសារអត្តសញ្ញាណកម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋអតីតពលករ ដែលមកពីប្រទេសថៃ ដើម្បីឲ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុកសម្រាប់ប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។ 

លោកជំទាវ ក៏បានបន្តថាៈ ពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញាធរមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរ ដែលទើបត្រឡប់ពីប្រទេសថៃ និងអ្នកពុំទាន់មានឯកសារ អត្តសញ្ញាណកម្ម ឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា ការងារនេះគឺចាំបាច់បំផុតសម្រាប់ពួកគាត់យកទៅប្រើប្រាស់ និងងាយស្រួលស្វែងរកការងារធ្វើជាដើម។ ដោយឡែកប្រជាពលរដ្ឋខ្មែរមួយចំនួនដែកបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់នៅឡើយ ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម បញ្ហានេះ បានបង្កជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ 

លោកជំទាវអភិបាលរងខេត្ត ក៏បានបញ្ជាក់ថាៈក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដែលមានជម្លោះតាមព្រំដែនរវាងកម្ពុជានិងថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលធ្លាប់រស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញយ៉ាងគំហុក។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានយកចិត្តទុក ដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន ដើម្បីសម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋខ្មែរមកកាន់មាតុប្រទេសវិញ ក្នុងនោះមានដូចជាការផ្តល់មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្ភារៈ ប្រើប្រាស់ផ្សេងៗ គ្រឿងឧបភោគបរិភោគ សេវាសុខាភិបាល និងឱកាសការងារជាដើម។ រដ្ឋបាលឃុំ សង្កាត់និងប៉ុស្តិ៍នគរបាល ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ និងខិតខំជំរុញផ្តល់ ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ ពិសេសពលករដែលទើបមកពីប្រទេសថៃនៅគ្រប់មូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។












Previous Post Next Post