កុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់

 សម្តេច ពិន សែម ប្រជាជនកម្ពុជាទាំងអស់ត្រូវមានកត្តញ្ញូចំពោះគ្រួសារវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី


នៅថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់។ ពិធីនេះដែរប្រារព្ធធ្វើនៅវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៥នេះ។

ក្នុងពិធីបុណ្យនេះសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រធានថេរសភានៃព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា បានមានថេរដីកាបង្ហាញពីការសោកស្តាយ ចំពោះការបាត់បង់នូវវីរកងទ័ពកម្ពុជាដែលបានពលីជីវិតបូជាដើម្បីការពារព្រំដែនទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរកងទ័ពកម្ពុជាយើងគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរបុរសពិតរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

ជាមួយគ្នានេះ សម្តេចបានថេរដីកាសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាទាំងអស់ត្រូវមានកត្តញ្ញូចំពោះគ្រួសារវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ទោះបីរាជរដ្ឋាភិបាលបានគិតគូរពួកគាត់ហើយក្តី ប៉ុន្តែយើងទាំងអស់គ្នាត្រូវជួយបន្ថែម តិចក្តី ច្រើនច្រើក្តី គឺត្រូវតែជួយ ដើម្បីឱ្យគ្រួសារវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិទាំងនេះ រស់នៅបានស្រួល កូនចៅបានរៀនសូត្រខ្ពង់ខ្ពស់។

ក្នុងឱកាសនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយព្រះមន្ត្រីសង្ឃខេត្ត ព្រះសង្ឃនិង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់នាំមន្ទីរអង្គភាព និងពុទ្ធបរិស័ទ ទាំងអស់ ក៍បានសម្តែងការគោរពដឹងគុណជានិច្ចចំពោះពលីកម្មដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និងសូមឧទ្ទិសផលបុណ្យទាំងឡាយជូនដល់វិញ្ញណក្ខន្ធអស់លោកវីរកងទ័ព សូមលោកបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន។ យើងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា។

ពិធីបុណ្យទក្ខិណានុប្បទានធ្វើឡើងដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់នាពេលនោះដែរ ព្រមទាំងមានការរៀបចំដាក់បាត្រព្រះចំនួន៥០០អង្គផងដែរ។




Previous Post Next Post