សម្តេច ម៉ែន សំអន ស្នើឱ្យពលរដ្ឋរស់នៅតំបន់ព្រំដែនត្រូវរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិកម្ពុជាទាំងមូល និង​ត្រូវមានជំនឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

 (ខេត្តបន្ទាយមានជ័យ) ៖ នៅថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងទ័ព និងកងនគរបាល ក្រុមគ្រូពេទ្យ ប្រជាការពារភូមិ និងប្រជាពលរដ្ឋកម្ពុជា នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថាៈ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខនោះ ក៏មានការអញ្ជើញអមដំណើរពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម លោកជំទាវ  អ្នកឧកញ៉ា លោកឧកញ៉ា និងមន្ត្រីរាជការក្នុងខេត្តជាច្រើនរូបផងដែរ។

នាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះវីរៈកងទ័ព​ និងប្រជាពលរដ្ឋជានិច្ច។

សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែនក្នុងភូមិឃុំដូចខាងលើ សូមមានការយោគយល់ពី​ទឹកចិត្តកងកម្លាំងនៅព្រំដែនដែលមានជម្លោះជាមួយប្រទេសថៃ ត្រូវរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិកម្ពុជាទាំងមូល និង​ត្រូវមានជំនឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាំងនេះ។









Previous Post Next Post